ថ្ងៃទី ៖ | 09-07-2024, ដោយ Admin | 62 Views |
រុស្ស៊ី៖ មនុស្សម្នាក់ ស្លាប់ ហើយអគ្គិភ័យឆាបឆេះរោងចក្រថាមពល ក្រោយអ៊ុយក្រែនវាយប្រហារដោយយានដ្រូន
រុស្ស៊ី៖ មនុស្សម្នាក់ ស្លាប់ ហើយអគ្គិភ័យឆាបឆេះរោងចក្រថាមពល ក្រោយអ៊ុយក្រែនវាយប្រហារដោយយានដ្រូន
មន្ត្រីរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សម្នាក់ បានបាត់បង់ជីវិត ហើយស្ថានីយអគ្គិសនីចំនួន២ និងឃ្លាំងស្តុកប្រេងមួយ ត្រូវបានអគ្គិភ័យឆាបឆេះ បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារដោយយានដ្រូនរាប់សិបគ្រឿង ដែលជាការវាយប្រហារជាបន្តបន្ទាប់ នៅទូទាំងតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី។
តាមរយៈកម្មវិធីផ្ញើសារ Telegram អភិបាលតំបន់ជាប់ព្រំដែនអ៊ុយក្រែន លោក Vyacheslav Gladkov បានប្រាប់ថា បុរសម្នាក់ស្លាប់ មនុស្ស ២នាក់ផ្សេងទៀត បានរងរបួស ហើយផ្ទះលំនៅដ្ឋានជាច្រើនខ្នង ត្រូវរងខូចខាត នៅក្នុងតំបន់ Belgorod។ លោកបានបន្ថែមថា ក្នុងមួយថ្ងៃកន្លងមកនេះ មនុស្ស ៤នាក់ហើយ បានស្លាប់ និង២០នាក់ បានរងរបួសក្នុងការវាយប្រហារជាច្រើនរបស់អ៊ុយក្រែន។
ចំណែកលោក Vasily Golubev អភិបាលតំបន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅស្ថានីយថាមពលអគ្គិសនី ក្នុងតំបន់ Rostov បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារដោយយានដ្រូនរាប់សិបគ្រឿងពេញមួយយប់។ លោក Golubev បានឲ្យដឹងនៅលើ Telegram ថា អគ្គិភ័យត្រូវបានពន្លត់ហើយ។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងបន្ទាប់ពីរុស្ស៊ីបានធ្វើឲ្យមន្ទីរពេទ្យកុមារដ៏សំខាន់ នៅទីក្រុវគីវ ផ្ទុះដោយមីស៊ីល និងបានបាញ់មីស៊ីលស្រោចដាក់អ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤១នាក់ នៅក្នុងការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមបំផុតអស់រយៈពេលជាច្រើនខែ៕
|