គេហទំព័រសារព័ត៌មាន រស្មីឧត្តរ www.srn-news.com ទំនាក់ទំនង់ផ្នែកពានិជ្ជកម្ម 071 6788787, 096 500 56 09
  ព័ត៏មានជាតិថ្មីៗ
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Admin | 25 Views
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស
ភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ជាវេទិកាដ៏សំខាន់មួយក្នុងការបង្កើតបណ្តាញទំនាក់ទំនង រវាងអ្នកផលិតនៅកម្ពុជា ជាមួយអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតផលវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់ និងសិប្បកម្មធ្វើដោយដៃ។ ​ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សា ស្តីពីនិរន្តភារពនៃប្រភព និងផលិតកម្មក្នុងឧស្សាហកម្មវាយនភណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ទើបជំរុញឲ្យទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសទូទាំងសាកលលោក ជាពិសេសជាមួយចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការគាំទ្រ និងចាត់ទុកកម្មវិធីពិព័រណ៍អន្តរជាតិកម្ពុជានេះថា ជាសក្ខីកម្មនៃភាពអត់ធ្មត់ ភាពរឹងមាំ និងជាការបោះជំហានទៅមុខមួយជំហានទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើននៅលើឆាកអន្តរជាតិនៃវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់។ ឯកឧត្តមបានបន្ថែមថា វិស័យទាំងអស់នេះ ក៏ជាអាទិភាពរបស់កម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។ ក្រុមអាជីវករ ដែលចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងលើកឡើងថា កម្មវិធីនេះពិតជាបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ក្រៅពីការតាំងបង្ហាញលក់ផលិតផល ថែមទាំងបានផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយអ្នកបញ្ជាទិញរបស់ចក្រភពអង់គ្លេសផងដែរ។ ក្រុមអាជីករ ក៏មិនភ្លេចសម្តែងនូវការអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងខិតខំស្វែងរកទីផ្សារជូនដល់វិស័យឯកជនលើគ្រប់វិស័យ ជាពិសេសការផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការរៀបចំកម្មវិធី និងព្រឹត្តការណ៍នានាជាច្រើនកន្លងមក ដើម្បីពង្រីកទីផ្សារលក់ ថែមទាំងជំរុញទីផ្សារនាំចេញ។ សូមបញ្ជាក់ថា សមាគមសហគ្រិនស្រ្តីកម្ពុជា សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា រយៈពេល២ថ្ងៃ នៅតំបន់កោះពេជ្រ គឺថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស និងដើម្បីបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។ គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានចំនួនប្រមាណ ៨៥០លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣៕ អត្ថបទ ឈិត បូរ៉ាវី
ព័ត៏មានស៊ើបអង្កេតជាតិ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត”
14-02-2024, ដោយ​​ Admin | 103 Views
តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ...

©​ 2019 រក្សាសិទ្ធិដោយ​ គេហទំព័រសារព័ត៌មាន រស្មីឧត្តរ ការិយាល័យគ្រប់គ្រង និង និពន្ធ ៖ 071 6788787, 096 500 56 09