ថ្ងៃទី ៖ | 27-11-2024, ដោយ Admin | 90 Views |
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា
ភ្នំពេញ៖ កម្មវិធីពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២៤ បានជ្រើសរើសជ័យលាភី ជាក្រុមហ៊ុន និងក្រុមប្រកួត ដែលបានបង្ហាញនវានុវត្តន៍ និងការរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយបិទបញ្ចប់ការប្រកួតប្រជែងរយៈពេលពេញមួយឆ្នាំ ក្នុងចំណោមបេក្ខជនចូលរួមជិត ២,០០០ក្រុម និងក្រុមហ៊ុន។
នៅក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តអ្នកចូលរួមប្រកួត ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមដើម្បីចាប់យកឧត្តមភាព។ ឯកឧត្តមបានលើកឡើងថា ភាពជោគជ័យមិនមែនស្ថិតនៅលើពានរង្វាន់នារាត្រីនេះតែមួយមុខទេ។ សហគ្រិនគួរមានភាពក្លាហាន ហ៊ានចូលរួមប្រកួតប្រជែង សាកល្បងសមត្ថភាព ទទួលយកចំណេះដឹងថ្មីៗ និងប្រែក្លាយឧបសគ្គជាឱកាសដើម្បីភាពជោគជ័យនាពេលខាងមុខ។
ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ មានបួនប្រភេទគឺ៖ ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ, ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់ធុរកិច្ចថ្មី និងពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម។ ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីតួអង្គសំខាន់ៗនៃសហគ្រិនភាពដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ជ័យលាភីត្រូវបានទទួលស្គាល់ចំពោះភាពច្នៃប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែងក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់នវានុវត្តន៍ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជាតិមួយ ដែលពូនជ្រុំគំនិតឱ្យរីកចម្រើន និងបណ្តុះធុរកិច្ចឱ្យរីកលូតលាស់។
ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ រួមមាន៖ ១. ពានរង្វាន់សហគ្រាសធុនតូច និងមធ្យម
ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ រួមមាន៖ ១. ពានរង្វាន់សហគ្រាសធុនតូច និងមធ្យម៖ ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ឆ្នាំ២០២៤៖ ជ័យលាភីសហគ្រាសធុនតូច និងមធ្យម PPF Yummy Manucaturing ទទួលបានពាន និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនវានុវត្តន៍៖ ជ័យលាភីនវានុវត្តន៍ La Fattoria ទទួលបានពាន និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនាំចេញ៖ Khmer Green Charcoal Co. Ltd ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកសង្គម៖ Cambodian Standard Development & Supply Co Ltd ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)
២. ពានរង្វាន់ធុរកិច្ចថ្មី៖ ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៤ ៖ Anon (Cambodia) CO.Ltd ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) , ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍៖ JMLH Enterprise ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) , ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា៖ WORKINGNA ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) , ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកសង្គម៖ Chenda Khmer Recycle Co. LTD ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ) ៣. ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ៖ ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ១៖ ECO Craft ទទួលបានពាន និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ) , ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ២៖ INNO BOXទទួលបានពាន និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ) , ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ៣៖ ZAZAR security ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ) និងទី៤. ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ៖ ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកនវានុវត្តន៍ ៖ Power of Griffins ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកធុរកិច្ចប្រកបដោយចីរភាព៖ ក្រុម UNLIMITED ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ) , ជ័យលាភីពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ ផ្នែកសង្គម ៖ ក្រុម 3in1 ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ដែលឈានចូលដល់ឆ្នាំទីប្រាំនេះ បង្ហាញពីបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការថែបំប៉នប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱកាសសម្រាប់ការបណ្តុះបណ្តាល ការកសាងបណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅគ្រប់កម្រិត៕
|