ថ្ងៃទី ៖ | 27-11-2024, ដោយ Admin | 66 Views |
អភិបាលខេត្តកំពង់ឆ្នាំង ប្រកាសប្រាប់ប្រជាកសិករដែលមានដីក្នុងតំបន់២ និង៣ ហាមសុំកាត់ឆ្វៀល និងឈូសបំផ្លាញព្រៃលិចទឹក តែអាចបង្កបង្កើនផលបានក្នុងតំបន់២
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រកាសប្រាប់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ដែលមានដីស្រែក្នុងតំបន់២ និង៣ ហាមសុំកាត់ឆ្វៀល និង ឈូសបំផ្លាញព្រៃលិចទឹកនាំអោយខុសច្បាប់ តែអាចបង្កបង្កើនផលបានក្នុងតំបន់២ដែលជាដីធ្លាប់អាស្រ័យផលបាន ចំណែកដីធ្លាប់អាស្រ័យ ផលក្នុងតំបន់៣ ឯកឧត្តមអភិបាលខេត្តកំពុងស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអាចបានធ្វើស្រែនៅក្នុងតំបន់នោះនៅឆ្នាំនេះ។
ឯកឧត្តមបានថ្លែងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្នុងស្រុកកំពង់លែង ដែលមានការចូលរួមពីឯកឧត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា មន្ទីរអង្គភាពជុំវិញខេត្ត និងសមាជឹកក្រុមប្រឹក្សាស្រុកឃុំ ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ ក្រោយពីឯកឧត្តមបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានអនុញាតិអោយប្រជាកសិករក្នុងស្រុកជលគីរី និងស្រុកកំពង់លែង បានធ្វើស្រែលើដីតំបន់២ដែលធ្លាប់អាស្រ័យផលរួចហើយ តែក្នុងតំបន់៣វិញ ទោះដីធ្លាប់អាស្រ័យផលក៏ដោយ ក៏មិនទាន់បានអនុញាតិអោយធ្វើដែរ ត្រូវរង់ចាំ៣ថ្ងៃទៀត ឯកឧត្តមនឹងផ្តល់ដំណឹងជូនវិញ។ តែប្រសិនបើបងប្អូនមិនស្តាប់ការណែនាំនេះទេ នោះនឹងទទួលទោសតាមច្បាប់។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាថ្ងៃនេះ គឺបានផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើរទាំងឡាយរបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ ប្រមូលពិភាក្សាអំពីសំណើរ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ។
អង្គវេទិកានេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារ ដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។
អង្គវេទិកានាពេលនេះបានទទួលសំណូមពរ ពីប្រជាពលរដ្ឋជិត២០ករណី ហើយត្រូវបានអង្គវេទិកាដោះស្រាយទាំងជិត២០ករណី៕
|