ថ្ងៃទី ៖ | 21-12-2024, ដោយ Admin | 9 Views |
អន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវ៣ខ្សែនិងកសាងលូ៥កន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
កំពង់ចាម៖ ក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ច បានសហការគ្នា ធ្វេីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវកៅស៊ូមួយខ្សែ ផ្លូវល្បាយក្រួស៣ខ្សែ និងការកសាងលូ៥កន្លែងក្នុងស្រុកចំនួន២នៃខេត្តកំពង់ចាម។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវល្បាយគ្រួសចំនួន៣ខ្សែ មានប្រវែង១៨,០៥០ម៉ែត្រ និងការកសាងលូ៥កន្លែងក្នុងស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់ និងផ្លូវថែទាំខួបកៅស៊ូ១ខ្សែ ប្រវែង១១,៥២០ម៉ែត្រ ស្ថិតក្នុងស្រុកចំការលើ នៃខេត្តកំពង់ចាម។
ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់លើផ្លូវទាំងនេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជួយថែរក្សានូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមាន ផ្លូវជនបទ អណ្តូងទឹក និងបង្គន់អនាម័យជាដេីម ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជូនតាមរយះក្រសួងអភិវឌ្ឍន៍ជនបទពេលកន្លងមកក៏ដូចជាក្នុងពេលបច្ចុប្បន្ននេះ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនចំណូលក្នុងគ្រួសារ និងផ្សាភ្ជាប់ទីជនបទទៅកាន់ទីប្រជុំជនជាដើម។ ពោលគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងលេីស្ទួយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទជាប់ជានិច្ច។
ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវកៅស៊ូមួយខ្សែ ផ្លូវល្បាយក្រួស៣ខ្សែ និងលូមូល៥កន្លែងរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំផ្លូវកៅស៊ូទាំងនេះ។ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ក៍បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវថ្នល់ដូចជាផ្លូវគ្រួសក្រហម ផ្លូវកៅស៊ូ ឬផ្លូវបេតុងដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង។ ផ្លូវទាំងអស់នេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើនលើសពីការរំពឹងទុកតាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យនៅតាមតំបន់នោះមានការឡើងថ្លៃជាដើម៕
|